ទិដ្ឋភាពទូទៅមូលបត្រអាចជួញដូរ

មូលបត្រអាចជួញដូរបានរបស់ធនាគារជាតិនៃកម្ពុជា (NCD)


១.សេចក្តីផ្តើម

ទីផ្សារមូលបត្រនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍដោយសារ

i/- ឧបករណ៍អាចជួញដូរបាន ដូចជាមូលបត្ររដ្ឋកំពុងដំណើរការសម្រាប់ការអភិវឌ្ឍទីផ្សារអន្តរធនាគារ
ii/-វត្តមានអ្នកកំណត់ទីផ្សារ និងបណ្តាញអន្តរការីយកម្មនានា និង
iii/-កំពុងសិក្សាក្នុងការបង្កើតអត្រាការប្រាក់គោលសម្រាប់មូលដ្ឋានក្នុងការកំណត់ថ្លៃមូលបត្រនាពេលបោះផ្សាយ។

ដោយសារហេតុផលខាងលើ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្កើតគម្រោងអភិវឌ្ឍទីផ្សារអន្តរធនាគារ ដោយបានចេញ ប្រកាសលេខ ធ.៥.០១០-១៨៣ ប្រ.ក ស្តីពីការចេញផ្សាយមូលបត្រអាចជួញដូរបានដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០។

គម្រោងអភិវឌ្ឍទីផ្សារអន្តរធនាគារមានបំណង៖

ក. បង្កើនការឱ្យខ្ចីអន្តរធនាគារប្រកបដោយសុវត្ថិភាព
ខ. បង្កើតឱ្យមានឧបករណ៍មានប្រសិទ្ធភាពបន្ថែម សម្រាប់អនុវត្តនយោបាយរូបិយវត្ថុ និងនយោបាយអត្រាប្តូរប្រាក់
គ. បែងចែកឡើងវិញនូវប្រភពហិរញ្ញវត្ថុក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងបង្កើននិងពង្រីកអន្តរការីយកម្មហិរញ្ញវត្ថុ
ឃ. កាត់បន្ថយការផ្តេកផ្តួលរបស់ធនាគារលើប្រភពទុនអំពីអ្នកដាក់ប្រាក់បញ្ញើ ដើម្បីបំពេញតម្រូវការសន្ទនីយភាព បណ្តោះអាសន្នរយៈពេលខ្លី និងមធ្យម
ង. ឆ្លើយតបទៅនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងការ៖

  • វិនិយោគសន្ទនីយភាពដែលនៅសល់ទំនេររយៈពេលខ្លី (ធនាគារភាគច្រើនមិនមានជម្រើសផ្សេងក្នុងការវិនិយោគសន្ទនីយភាពដែលលើសពីការប្រើប្រាស់របស់ខ្លួនឡើយ)
  • កាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការគ្រប់គ្រងសន្ទនីយភាពនិងការផ្តល់ប្រាក់កម្ចីអន្តរធនាគារបន្ទាប់ពី បានរៀបចំអស់រយៈពេល ៣ ឆ្នាំមក NBC បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងអភិវឌ្ឍ ទីផ្សារអន្តរធនាគាររបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣។

២.លក្ខណៈរបស់ NCD

មូលបត្រអាចជួញដូរបាន (NCD) គឺជាប័ណ្ណបំណុលរយៈពេលខ្លីមានការប្រាក់ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ មូលបត្រនេះត្រូវបានចេញផ្សាយជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD) ដើម្បីជួយដល់បណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិនិយោគនូវសន្ទនីយភាពរយៈពេលខ្លីរបស់ខ្លួន។ តម្លៃនាមចារឹកអប្បបរមា គឺ ៥០.០០០ ដុល្លារអាមេរិក ឬ ២០០.០០០.០០០ រៀល។ កាលវសាននៃ KHR-NCD និង USD-NCD មានកាលវសានចាប់ពី ៧ថ្ងៃ ដល់ ៣៦៤ថ្ងៃ ដូចគ្នា។
អត្រាការប្រាក់របស់មូលបត្រអាចជួញដូរបាន ត្រូវបានកំណត់ដោយគណៈកម្មាធិការ NCD របស់ធនាគារជាតិនៃកម្ពុជា និងបានផ្លាស់ប្តូរពីយន្តការនៃការបោះផ្សាយតាមតម្រូវការ មកជាការដាក់ឱ្យដេញថ្លៃ NCD ជារៀងរាល់សប្តាហ៍ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។


៣.គុណសម្បត្តិនៃ NCD

គុណសម្បត្តិនៃការកាន់កាប់ NCD រួមមាន៖

ក. គ្មានហានិភ័យ៖ ដោយសារតែ NCD បានគាំទ្រដោយប្រកាសលេខ ធ៥.០១០-១៨៣ ប្រ.ក ស្តីពីការចេញផ្សាយមូលបត្រអាចជួញដូរបានដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ដូច្នេះឧបករណ៍នេះគ្មានហានិភ័យឥណទានឡើយ
ខ. NCD ត្រូវបានចេញផ្សាយជាតម្លៃឯកតា ដោយក្នុងមួយឯកតា សម្រាប់ប្រាក់ដុល្លារអាមេរិក មានតម្លៃស្មើនឹង ១.០០០ ដុល្លារអាមេរិក និងប្រាក់រៀលមានតម្លៃស្មើនឹង ១.០០០.០០០ រៀល ក្នុងមួយឯកតា និងអាច បំបែកលក់ឬធ្វើប្រតិបត្តិការ Repo បានជាឯកតា
គ. ទទួលបានការប្រាក់៖ NCD គឺជាឧបករណ៍អាចជួញដូរបានដែលមានការប្រាក់ ដូច្នេះគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលបានសល់ប្រាក់បម្រុងទំនេររបស់ខ្លួនអាចជាវ NCD ព្រមទាំងទទួលបានការប្រាក់ទៅក្នុងគណនី ជួញដូររបស់ម្ចាស់មូលបត្រដែលបានបើកនៅ NBC។ រូបមន្តសម្រាប់គណនាការប្រាក់ NCD មានដូច ខាងក្រោម៖


I=Prt ដោយ៖
- I គឺជាការប្រាក់
- P គឺជាចំនួនប្រាក់ដើម
- r គឺជាអត្រាការប្រាក់ប្រចាំឆ្នាំជាភាគរយដោយចែកជាមួយចំនួនថ្ងៃពិតប្រាកដ ក្នុងឆ្នាំនីមួយៗ
- t អាយុកាល NCD


ឃ. អាចប្តូរសាច់ប្រាក់បានរហ័ស៖ NCD គឺជាឧបករណ៍បំណុលរយៈពេលខ្លី គ្មានហានិភ័យ និងចេញផ្សាយដោយ NBC ដូច្នេះ NCD អាចត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ដែលមានកម្រិតសន្ទនីយភាពខ្ពស់។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា នឹងទទួលទិញត្រឡប់វិញមុនកាលវសានតាមថ្លៃអប្បហារ ប្រសិនបើ ម្ចាស់ NCD មានការលំបាកក្នុងការស្វែងរកសមភាគី។ រូបមន្តសម្រាប់គណនាការទិញ NCD ត្រឡប់វិញ មានដូចខាងក្រោម៖




ង. អាចប្តូរកម្មសិទ្ធិ៖ ម្ចាស់ NCD អាចផ្ទេរ NCD ទៅឱ្យភាគីណាមួយនៅពេលណាមួយក៏បាននៅក្នុងទីផ្សារ អន្តរធនាគារ។ NBC នឹងផ្ទេរកម្មសិទ្ធិភាពជូននៅពេលណាបានទទួលការជូនដំណឹងពីអ្នកទិញ និងអ្នកលក់។

ច. អាចធ្វើជាវត្ថុធានា៖ NCD អាចត្រូវបានប្រើជាវត្ថុធានាសម្រាប់ប្រតិបត្តិការទីផ្សារចំហរបស់ធនាគារជាតិនៃកម្ពុជានិងនៅក្នុងទីផ្សារអន្តរធនាគារ។


.គុណវិបត្តិនៃ NCD


គុណវិបត្តិមួយចំនួនមានដូចជា៖


ក. វិនិយោគិនមិនអាចវិនិយោគមូលនិធិរបស់ខ្លួន តាមកាលវសានដែលចង់បានឡើយ ព្រោះកាលវសាននេះ ត្រូវបានកំណត់ជាមុនដោយធនាគារជាតិនៃកម្ពុជា
ខ. អត្រាការប្រាក់ NCD មានកម្រិតថេរ ដូច្នេះវិនិយោគិនមិនអាចទទួលបានការប្រាក់ខ្ពស់ឡើយ ប្រសិនបើ អត្រាការប្រាក់កើនឡើងក្នុងអំឡុងពេលវិនិយោគនេះ
គ. រាល់សំណើសុំលក់ NCD ឱ្យ NBC វិញ គឺអាស្រ័យលើការសម្រេចចិត្តរបស់ NBC។ NBC លើកទឹកចិត្តឱ្យ វិនិយោគិនទាំងអស់លក់ NCD នៅក្នុងទីផ្សារអន្តរធនាគារ
ឃ. តម្លៃ NCD ដែលធនាគារជាតិនៃកម្ពុជានឹងត្រូវទិញត្រឡប់វិញ គឺអាស្រ័យទៅនឹងរយៈពេលកាន់កាប់ និង អត្រាអប្បហារដែលកំណត់ដោយ NBC
ង. ក្នុងអំឡុងពេលនៃការវិនិយោគ វិនិយោគិនអាចប្រឈមនឹងហានិភ័យនៃអត្រាការប្រាក់ដោយសារ តែការប្រែប្រួលអត្រាទីផ្សារ។