ទិដ្ឋភាពទូទៅ
ធនាគារជាតិនៃកម្ពុជា អនុវត្តមុខងារជាអាជ្ញាធរត្រួតពិនិត្យរបស់ខ្លួនជាប្រចាំ ដើម្បីធានាដល់ការអនុវត្ត របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រកបដោយតម្លាភាព សុវត្ថិភាព និងភាពរឹងមាំ ក៏ដូចជាពង្រឹងជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ ។ ធនាគារជាតិនៃកម្ពុជា កំពុងត្រួតពិនិត្យតាមរយៈវិធីសាស្ត្រនៃការត្រួតពិនិត្យលើការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានិភ័យ ។ ការត្រួតពិនិត្យ ត្រូវបានអនុវត្តទាំងលើការត្រួតពិនិត្យលើឯកសារ និងការត្រួតពិនិត្យដល់ទីកន្លែង ។

ការត្រួតពិនិត្យលើឯកសារ ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដោយ អនុលោមតាមច្បាប់និងបទបញ្ញត្តិ តាមរយៈការតាមដាន ពិនិត្យ និងវិភាគលើព័ត៌មាននិងរបាយការណ៍ ប្រចាំគ្រា និងតាមការចាំបាច់ ។ ទន្ទឹមនឹងនេះ មន្ត្រី ធនាគារជាតិនៃកម្ពុជា ក៏ជួបប្រជុំជាមួយគណៈគ្រប់គ្រងនិង/ឬបុគ្គលិក របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងសិក្សាស្វែងយល់ពីអាជីវកម្ម និងទស្សនៈវិស័យអាជីវកម្ម របស់គ្រឹះស្ថាននីមួយៗ តាមការចាំបាច់ ។

ការត្រួតពិនិត្យដល់ទីកន្លែង ត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ និងតាមការចាំបាច់ ដែលអាចជា ការត្រួតពិនិត្យពេញលេញ និងតាមមុខសញ្ញា ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃផ្អែកលើ សមាសធាតុនីមួយៗនៃប្រព័ន្ធធ្វើចំណាត់ថ្នាក់ CAMELS (ដើមទុន ទ្រព្យសកម្ម ការគ្រប់គ្រង ប្រាក់ចំណេញ សន្ទនីយភាព និងវេទយិតភាព) ទន្ទឹមនឹងការផ្តោតការយកចិត្តទុកដាក់លើហានិភ័យសំខាន់ៗ រួមមាន៖ ហានិភ័យ យុទ្ធសាស្រ្ត ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យប្រតិបត្តិការ និងហានិភ័យសន្ទនីយភាព ។